ចលនាប្រជាធិបតេយ្យរួបរួមជាតិ កូរ៉េខាងត្បូង

បទបញ្ញត្តិទូទៅ

សេចក្តីផ្តើម

ចលនាប្រជាធិបតេយ្យរួបរួមជាតិ(ចប្រជ) ជាចលនាដែលមានរចនាសម្ពន្ធ័ មានប្រវត្តិសកម្មភាពតាំងពីឆ្នាំ២០១៨ មានបទបញ្ញត្តិ និងមានក្រមវិន័យច្បាស់លាស់។ សមាជិក សមាជិកានៃចប្រជគ្រប់រូប ត្រូវតែជាពលរដ្ឋគំរូ នៅក្នុងការគោរពវិន័យ និងអនុវត្តន៍ឲ្យបានជាចាំបាច់ នូវការរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់ចលនា ដើម្បីឈានទៅដល់ការរួបរួមសាមគ្គីជាតិខ្មែរទាំងមួល។ ប្រសិនបើយុវជនខ្មែរភាគច្រើនជាមនុស្សដែលមានគោលការណ៍នៅក្នុងជីវិត នោះជាតិយើង នឹងបានខ្លាំងឡើងវិញដូចសម័យមហានគរ។

វគ្គបញ្ញត្តិទូទៅ

ជំពូក១ អំពីប្រធាន និង អនុប្រធានប្រតិបត្តិ

មាត្រា១៖ នៅក្នុងអញត្តិនៃការការបំពេញតួនាទី ប្រធានឬអនុប្រធាន ចប្រជ ត្រូវតែរក្សាឲ្យបានជាដាច់ខាតនូវ គុណតម្លៃជាប្រមុខដឹកនាំចលនាដើម្បីលើកស្ទួយមុខមាត់និងស្តង់ដាររបស់ចលនា រួមមាន

- ភាពស្អាតស្អំពីអំពើអបាយមុខ និង រឿងអាស្រូវផ្សេងៗ

- សេចក្តីថ្លៃថ្នូរនៅលើបណ្តាញសង្គមឬទីសាធារណ ដូចជាការស្លៀកពាក់ កាយវិការឈរអង្គុយនិយាយស្តី

- សកម្មក្នុងកិច្ចការក្រុម មានស្មារតីរួបរួមសាមគ្គី និងគោរពវិន័យ

- ព្រមលះបង់ចោលនូវទម្លាប់ ស៊ីផឹកគ្រឿងស្រវឹង ឬការជាដើរតួសម្តែងផ្សេងៗ ទោះក្នុងសិល្បក្តី ការនិយមដ្រាម៉ានៅលើបណ្តាញសង្គម ឬ សកម្មភាពឯទៀត ដែលមើលទៅឆ្គាំឆ្គងក្នុងភាពជាអ្នកដឹកនាំ។

មាត្រា២៖ ប្រធានឬអនុប្រធាន មិនត្រូវអនុញ្ញាតិឲ្យមានទំនាក់ទំនងលួចលាក់ ជាមួយនឹងមន្ត្រីរដ្ឋាភិបាលណាម្នាក់ ដែលសាមីខ្លួន ក៏ដូចជាមហាជនទូទៅស្គាល់ថាជាភ្នាក់ងាររបស់រដ្ឋាភិបាលឡើយ។ បើបានជួបដោយចៃដន្យ ហើយមានការចង់និយាយគ្នាត្រូវចេញមកនិយាយនៅទីសាធារណៈឬមានសាក្សីនៅក្បែរ ដើម្បីបង្ហាញពីភាពស្អាតស្អំនិងរក្សាទំនុកចិត្តចំពោះអ្នកគាំទ្រ។

ជំពូក២ អំពីតួនាទីសមាជិក

មាត្រា៣៖ សមាជិកនិមួយៗត្រូវបានសម្គាល់ដោយបណ្ណ័សមាជិក ដែលចេញដោយរដ្ឋបាលនៃចប្រជ ក្រោមការទទួលស្គាល់ពីក្រុមប្រឹក្សាកំពូល។

មាត្រា៤៖ សមាជិកចប្រជគ្រប់រូប ត្រូវតែជាពលរដ្ឋគំរូ នៅក្នុងកំឡុងពេលនៃការបំពេញតួនាទី ជាអាទ៍ ត្រូវមានចិត្តស្មោះត្រង់ចំពោះក្រុមការងារ ត្រូវខិតខំបំពេញការងារតាមតួនាទីដែលបានព្រមព្រៀងនៅក្នុងអង្គសមាជ ត្រូវមានក្រមសីលធម៌បង្គួរ៖ មិនប្រើភាសារប្រមាថឌឺដង ឬភាសាអាសអាភាស និងមិនល្មោភគ្រឿងស្រវឹង និងត្រូវចេះសហការធ្វើការងារជាក្រុម។

មាត្រា៥៖ សមាជិកចប្រជគ្រប់រូប គួរតែចូលរួមលើកតម្លៃមុខមាត់និងកិត្តិយសរបស់ចលនា។ នៅចំពោះមុខអ្នកដែលមិនមែនជាសមាជិក ត្រូវចេះនិយាយការពារសមាជិកនៅក្នុងក្រុមការងាររបស់ខ្លួន ដោយសម្តែងនូវភាពស្មោះត្រង់និងការជឿជាក់ចំពោះគ្នាទៅវិញទៅមក និងជឿជាក់លើបទបញ្ញត្តិនិងរចនាសម្ពន្ធ័របស់ចប្រជ ថាជាល្អហើយត្រឹមត្រូវនិងមានលក្ខណចំហរដែលអាចធ្វើការកែតម្រូវទៀតបាន។ បន្ទាប់មកត្រូវយកមតិរិះគន់របស់គេ មកពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាភិបាល ឬប្រធានក្រុមប្រឹក្សាន័យ ដើម្បីរិះរកមធ្យោបាយដោះស្រាយនូវចំណុចខ្វះខាតទាំងនោះ។

មាត្រា៦៖ សមាជិកចប្រជ មិនត្រូវទៅចូលរួមក្នុងកិច្ចការងារ ជាមួយចលនាឬសមាគមណាផ្សេងទៀត ដែលបានអះអាងថាពួកខ្លួនគឺជាក្រុម ឬចលនា ឬសមាគមប្រជាធិបតេយ្យដែរ ប៉ុន្តែមិនមានស្មារតីរួបរួមសាមគ្គី នៅក្នុងកិច្ចសហការជាលាយលក្ខអក្សរណាមួយ រវាងអ្នកប្រជាធិបតេយ្យដូចគ្នា(សូមមើលសេចក្តីបន្ថែមទី៣)។ ធ្វើដូច្នេះគឺដើម្បីរក្សាគោលជំហ៊ររួមនិងបញ្ជាក់ពីភាពប្រាកដប្រជានៅក្នុងទំនួលខុសត្រូវការងារ។ អាចទៅចូលរួមបានក្នុងករណីមានលិខិតអញ្ជើញមកកាន់ចប្រជ។ ប្រសិនបើគេមិនដឹងឬមិនចាប់អារម្មណ៍ចំពោះបញ្ហានេះ សមាជិកចប្រជ គួរផ្តល់យោបល់ឲ្យគេធ្វើលិខិតអញ្ជើញ(សូមមើលគំរូលិខិតអញ្ជើញក្នុងសេចក្តីបន្ថែមទី៤ ឬផ្ញើរលិខិអញ្ជើញឲ្យគេបំពេញរួចផ្ញើរត្រលប់មកវិញ)។ ចប្រជនឹងធ្វើលិខិតចាត់តាំងឲ្យមានតំណាងម្នាក់ដើម្បីអញ្ជើញទៅចូលរួមប្រកបដោយកិត្តិយសថ្លៃថ្នូរ។

មាត្រា៧៖ រាល់កិច្ចប្រជុំឬកិច្ចការអាថ៌កំបាំងទាំងឡាយរបស់ក្រុមចលនា សមាជិកម្នាក់ៗគួរតែព្យាយាមរក្សាការសម្ងាត់ឲ្យបានជាអតិបរមា។

មាត្រា៨៖ សម្រាប់ការប្រាស្រ័យទាក់ទងគ្នាទាំងផ្ទាល់មាត់ក្តី ទាំងនៅលើគ្រុបឆាតក្តី សមាជិកចប្រជគ្រប់រូប គួរកាត់បន្ថយជាអតិបរមា នូវភាសារបង្អាត់គ្នាលេងបែបមិនសូវសទំនង ឬភាសារអាសអាភាស ឬ ភាសាបែបឡែបខាយស្រីប្រុសដែលខុសទំនង។

វគ្គអនុវត្តន៍បទបញ្ញត្តិ

មាត្រា៩៖ បើសមាជិកណាម្នាក់ឃើញសមាជិកម្នាក់ទៀតប្រព្រឹត្តខុសនោះត្រូវជួយដាស់តឿនកែតម្រូវ ដោយក្តីគោរពឲ្យតម្លៃ។ ពុំនោះឈ្មោះថាបានចូលរួមអនុញ្ញាតិឲ្យទង្វើឆ្គាំឆ្គងរីកដុះដាល។ បើមិនព្រមស្តាប់ត្រូវរាយការជូនប្រធានវិន័យ ដើម្បីជួយអន្តរាគមទប់ស្កាត់ ។

មាត្រា១០៖ បើប្រធានវិន័យបានដឹងហើយថាសមាជិករូបណាបានប្រព្រឹត្តអំពើឆ្គាំឆ្គងប្រាសចាកវិន័យ តែមិនព្រមធ្វើឬមិនហ៊ានធ្វើការព្រមានហាមប្រាម នោះឈ្មោះថាមិនបំពេញកាតព្វកិច្ចខ្លួននិងមិនស្មោះត្រង់ចំពោះតួនាទីដែរ ។ (សូមមើលសេចក្តីបន្ថែមទី៣)

មាត្រា១១៖ សមាជិកចប្រជរូបណាដែលបានប្រព្រឹត្តប្រាសបទបញ្ញត្តិ មានកាតព្វកិច្ចទទួលសេចក្តីទូន្មានក្រើនរំលឹកពីក្រុមប្រឹក្សាវិន័យ ដោយក្តីគោរពនិងសម្តែងនូវអារម្មណ៍សោកស្តាយ និងការទទួលស្គាល់កំហុសខ្លួន ដោយចៀសវាងការបញ្ចេញអាកប្បករិយាច្រឡោត ឬព្យាយាមនិយាយដោះសារ ឬឈ្លោះប្រកែកតវ៉ាធ្ងន់ធ្ងរជាមួយនឹងក្រុមប្រឹក្សាវិន័យឡើយ។ ប៉ុន្តែក្រុមប្រឹក្សាវិន័យ ក៏ដាច់ខាតត្រូវធ្វើការទូន្មានប្រកបដោយក្តីអនុគ្រោះនិងក្តីមេត្តា ដោយចៀសវាងពាក្យពេចន៍ស្តីបន្ទោស ឬប្រើពាក្យធ្ងន់ធ្ងរហួសកំរិត ជាហេតុបង្កឲ្យមានការអាក់អន់ចិត្តខ្លាំងនិង បាត់បង់តម្លៃមកលើខ្លួនឯងវិញ។

មាត្រា១២៖ សមាជិក ព្រមទាំងប្រធានឬអនុប្រធាន ដែលប្រព្រឹត្តប្រាសចាកបញ្ញត្តិ ហើយដែលទទួលបាននូវសេចក្តីក្រើនរំលឹកចំនួន២ដងរួចមកហើយចំពោះបទឆ្គាំឆ្គងដដែល នៅតែមិនព្រមកែប្រែទៀតនោះ ប្រធានក្រុមប្រឹក្សាកំពូលអាចនឹងពិចារណា ក្នុងការកោះប្រជុំដកសេចក្តីទុកចិត្ត។

មាត្រា១៣៖ សមាជិកដែលមានបំនងចង់សុំលាលែងពីតួនាទី ត្រូវមានហេតុផលសមរម្យ ហើយនិងត្រូវបំពេញនូវលិខិតលាលែងតាមគំរូដែលមានស្រាប់។ ប្រសិនបើមិនបំពេញលិខិតលាលែងទេ នោះនឹងត្រូវទទួលការសួរនាំនិងលើកទឹកចិត្តជាច្រើនដង។ បន្ទាប់ពីអវត្តមានក្នុងកិច្ចប្រជុំប្រចាំខែចំនួន៣លើកជាប់ៗគ្នា ដោយឥតមានជូនដំណឹង និងមិនអាចទាក់ទងបាន នោះនឹងត្រូវប្រកាសលុបឈ្មោះ ចេញពីបញ្ជីរសមាជិក ពីបទបោះបង់ ទំនួលខុសត្រូវក្នុងកិច្ចការ។

មាត្រា១៤៖ សមាជិកចប្រជ គ្រប់រូបមានកតព្វកិច្ចក្នុងការចូលរួមកិច្ចប្រជុំប្រចាំខែ លើកលែងមានធុរចាំបាច់មិនអាចចូលរួមប្រជុំបាន ត្រូវផ្តល់ដំណឹងមកគណកម្មាធិការនាយក។

មាត្រា១៥៖ សមាជិកចប្រជគ្រប់រូបត្រូវ ផ្តល់សេចក្តីទុកចិត្តទៅលើសេចក្តីសម្រេចរបស់សមាជិកគណកម្មការអចិន្ត្រៃ។ ក្នុងករណីបន្ទាន់ណាមួយ សមាជិកគណកម្មការអចិន្ត្រៃដែលមានគ្នា ចាប់ពីចំនួនពាក់កណ្តាលបូកមួយឡើង អាចធ្វើសេចក្តីសម្រេច ឬអាចឈានដល់ការអនុវត្តន៍នូវសេចក្តីសម្រេចទំាងនោះ រួចហើយផ្តល់ដំណឹងតាមក្រោយបាន។ ហើយសមាជិកគ្រប់រូបមានកាតព្វកិច្ចជួយបំពេញបន្ថែមនូវចន្លោះខ្វះខាតជាបន្តបន្ទាប់.

ជំពូក៣ អំពីកិច្ចសហការ បង្កើតព្រឹត្តិការណ៍រួម

ដោយសារកម្មវិធីនិមួយនឹងត្រូវបានរៀបចំឡើងដើម្បីឲ្យមានអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីស្តាប់ សម្តែងមតិ និងអនុវត្តន៍យុទ្ធនាការរួម។ ដូច្នេះចប្រជ ត្រូវធ្វើលិខិតអញ្ជើញ ទៅដល់បណ្តាចលនាឬសមាគមប្រជាធិបតេយ្យខ្មែរនានានៅទូទាំងប្រទេសកូរ៉េ ដែលមានសមាជិកបង្គោលចាប់ពី៥នាក់ឡើងលើនិងមានរចនាសម្ពន្ធ័ត្រឹមត្រូវ ដើម្បីមកចូលរួមសហការ ក្រោមរូបមន្តដូចខាងក្រោម

- ១ បង្កើតគណកម្មការចម្រុះមួយឡើង ដែលមានតំណាងមកពីក្រុមចលនាសមាគមប្រជាធិបតេយ្យនិមួយៗចំនួន៥នាក់ស្មើគ្នា ដើម្បីធ្វើការពិភាក្សាគ្នាបង្កើតកម្មវិធីទាំងស្រុងក្រោមការរៀបចំនិងសម្របសម្រួលរបស់ប្រធានប្រតិបត្តិនៃចប្រជ។ ចលនាឬសមាគមប្រជាធិបតេយ្យផ្សេងៗ មានកាតព្វកិច្ចក្នុងការចូលរួមធ្វើកិច្ចការយ៉ាងស្មោះត្រង់និងអស់ពីលទ្ធភាពទៅតាមស្មារតីនៃកិច្ចប្រជុំ។ (មិនមែនក្នុងនាមជាអ្នករៀបចំនិងចាត់ចែកកម្មវិធីទេ) ឬអាចនឹងស្នើឲ្យជួយចូលរួមក្នុងផ្នែកណាមួយជាក់លាក់ ដែលអាចមានសិទ្ធស្វ័យសម្រេចនៅក្នុងកំរិតនៃផ្នែកនោះ។

- ២ រាល់ថវិកាចំណាយចំណូលទាំងអស់ ត្រូវធ្វើឡើងតាមរយគណន័យរបស់ចប្រជតែមួយគត់ ក្រោមការគ្រប់គ្រងរបស់ហិរញ្ញឹកចប្រជម្នាក់ និងសហហិរញ្ញឹកមកពីសហក្រុមនិមួយៗ ចូលរួមធ្វើសាក្សី ចៀសវាងការបែកខ្ញែកកញ្ចប់ថវិកាដែលបង្កការពិបាកក្នុងការគ្រប់គ្រងទិន្នន័យ និងចៀសវាងការកើតមាននូវទំនាស់ផលប្រយោជន៍ក្រុម។

- ៣ បន្ទាប់ពីបានទូទាត់ចំណាយចំណូលចប់សព្វគ្រប់ និងបន្ទាប់ពីបានដក២០%ចេញសម្រាប់ចប្រជដែលជាស្ថាបនិកនៃកម្មវិធីរួចហើយ នៅសល់ប៉ុន្មាននឹងត្រូវបែងចែកចំនួនបដិភាគស្មើគ្នាជូនដល់ក្រុមនិមួយៗរួមទាំងចប្រជផងដែរ ទុកសម្រាប់ធ្វើកិច្ចការរៀងៗខ្លួន។ ផ្ទុយទៅវិញ ប្រសិនបើមានការខ្វះខាត នោះក្រុមនិមួយៗត្រូវចូលរួមបំពេញជាបដិភាគស្មើគ្នា។

- ៤ មិនត្រូវឲ្យមានការប្រូម៉ូតក្រុម ឬការស្វែងរកថវិកាដោយឡែក សម្រាប់ក្រុមរៀងៗខ្លួនឡើយ។

សេចក្តីបន្ថែម៖

សេចក្តីបន្ថែមទី១ និតិវិធីនៃការព្រមាន

ប្រសិនបើមានការប៉ះពាល់ផ្លូវចិត្ត ត្រូវប្តឹងទៅប្រធានវិន័យ។ ប្រសិនបើការនោះខុសវិន័យ នោះប្រធានវិន័យនឹងលើកយកវិន័យមកធ្វើការដាស់តឿននិងព្រមានទៅតាមដំណាក់ៗ តែបើជាការប៉ះពាល់អារម្មណ៍ផ្ទាល់ខ្លួនវិញ នោះត្រូវស្នើទៅប្រធានផ្នែកសំរបសំរួលដើម្បី ហៅមកលាមាត់លាពាក្យគ្នាសុំទោសនិងអត់ទោសចំពោះគ្នាទៅវិញទៅមក។ បើមិនមានការអត់ឱនឬការសុំទោសទេ នោះត្រូវព្យួរឈ្មោះទាំងពីរនាក់ចំនួនមួយរយះ។ បន្ទាប់ពីបានអត់ឱនហើយនៅតែមានការប្រព្រឹត្តល្មើសលើកទី២ នោះត្រូវព្រមាននៅចំពោះសមាជិកកក្រុមទៅតាមពាក្យពេចន៍ដែលដែលមានចែងស្រាប់ នៅក្នុងសេចក្តីបន្ថែមទី២ ។ (សូមមើលសេចក្តីបន្ថែមទី២)

សេចក្តីបន្ថែមទី២ ការពោលពាក្យព្រមាន

ក, ពាក្យដាស់តឿនលើកទី១៖ បើសមាជិកណាម្នាក់បានប្រព្រឹត្តខុសវិន័យ នោះត្រូវផ្ញើរសារជាពាក្យពេចន៍ទាំងនេះទៅដល់គាត់៖ ខ្ញុំបាទជាប្រធាននៃគណៈកម្មការវិន័យ សូមការអនុញ្ញាតិបំពេញតាមតួនាទី យោងតាមមាត្រា១០នៃបទបញ្ញត្តិចប្រជ ខ្ញុំបាទស្នើសូមឲ្យលោក..ក..មេត្តាពិចារណាឡើងវិញនូវទង្វើមួយចំនួនដែលមើលទៅហាក់ដូចជាមិនសូវស្របតាមបទបញ្ញត្តិរបស់ចប្រជយើង នៅត្រង់មាត្រាទី...ដែលបានចែងថា......។ សេចក្តីប្រាថ្នារួមរបស់ពួកយើងគឺ ចង់ឃើញបងប្អូនរួមការងាររបស់យើង បានរក្សាខ្ជាប់ខ្ជួននូវវិន័យដែលពួកយើងបានព្រមព្រៀងរួមគ្នា រក្សានូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ព្រមទាំងរួបរួមសាមគ្គីគ្នាដោយឥតប្រួលប្រែ។ (ចប់ពាក្យព្រមានទី១)

ខ, ពាក្យព្រមានលើកទី២៖ យើងខ្ញុំជាគណៈកម្មការវិន័យ សូមការអនុញ្ញាតិបំពេញតាមតួនាទីនៅចំពោះមុខសមាជិកនៃចប្រជគ្រប់រូបដោយផ្អែកតាមបទបញ្ញត្តិទូទៅក្នុងមាត្រា១០។ យើងខ្ញុំស្នើសូមឲ្យលោក..ក..ជាលើកទីពីរ ឲ្យមេត្តាពិចារណាឡើងវិញនូវទង្វើមួយចំនួនដែលមើលទៅហាក់ដូចជាមិនសូវស្របតាមបទបញ្ញត្តិរបស់ចប្រជយើង នៅត្រង់មាត្រាទី...ដែលបានចែងថា......។ សេចក្តីប្រាថ្នារួមរបស់ពួកយើងគឺ ចង់ឃើញបងប្អូនរួមការងាររបស់យើង បានរក្សាខ្ជាប់ខ្ជួននូវវិន័យដែលពួកយើងបានព្រមព្រៀងរួមគ្នា រក្សានូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ព្រមទាំងរួបរួមសាមគ្គីគ្នាដោយឥតប្រួលប្រែ។ ។ (ចប់ពាក្យព្រមានលើកទី២)

សេចក្តីបន្ថែមទី៣ ប្រជាធិបតេយ្យឬអនាធិបតេយ្យ?

មានក្រុមឬចលនាមួយចំនួនបង្កើតឡើងក្នុងគោលបំនងបំបែកអ្នកប្រជាធិបតេយ្យក្រោមរូបភាពប្រជាធិបតេយ្យ។ គេបង្កើតឡើងដោយមានគោលបំនងផ្សេងៗគ្នា ប៉ុន្តែពួកគេមិនមានចេតនាពិតប្រាកដក្នុងកិច្ចសហការគ្នាទេ ដោយខ្លាចភាពល្បីល្បាញត្រូវបានបែកខ្ញែក។ គឺគេធ្វើយ៉ាងណាដើម្បីប្រូម៉ូតខ្លួនបុគ្គលឲ្យបានល្បីល្បាញខ្ពង់ខ្ពស់ដើម្បីយកតម្លៃនោះទៅចចារជាមួយរបបដឹកនាំខិលខូចដូរយកផលប្រយោជន័ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ជាលទ្ធផល គឺធ្វើឲ្យទឹកចិត្តអ្នកគាំទ្រសាបរលាបនិងអស់ជំនឿទៅលើគ្រប់ចលនាទាំងអស់ បូករួមទាំងចលនាដែលពិតប្រាកដត្រឹមត្រូវផងដែរ។

សេចក្តីបន្ថែមទី៤ លិខិតអញ្ជើញចូលរួមនិងលក្ខខណ្ឌ័នៃការចូលរួមសហការការងារ (គំរូ)

ដោយមើលឃើញពីទឹកចិត្តផុលផុសរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េមកពីគ្រប់មជ្ឈដ្ឋានរួមមានទាំងពលករ អាជីវករនិស្សិតនិងអ្នកចូលសញ្ជាតិជាដើមដែលចង់ឲ្យមានការប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាលើកទីពីរដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការ…… ។

គណកម្មការកំពូលរបស់ចលនា..... សម្រេចរៀបចំឲ្យមាន……នៅទីតាំង……កាលបរិច្ឆេទ……ដើម្បីផ្តល់ឱកាសឲ្យបងប្អូនពលរដ្ឋខ្មែរគ្រប់គ្នាបានចូលរួមធ្វើការសម្តែងមតិឬទាមទារ…… ឲ្យបានគ្រប់គ្នា។

ចលនាឬសមាគម......មានកិត្តយសសូមគោរពអញ្ជើញ ចលនាឬសមាគម……ដែលមានគោលបំនងដូចគ្នាដើម្បីចូលរួមជួយស្តារសង្គមជាតិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាពពិតប្រាកដ ក្រោមរូបមន្តរួមដូចខាងក្រោម

១ បង្កើតគណកម្មការចម្រុះមួយឡើង ដែលមានតំណាងមកពីក្រុម/ចលនា/សមាគមប្រជាធិបតេយ្យនិមួយៗចំនួន៥នាក់ស្មើគ្នា ដើម្បីធ្វើការពិភាក្សាគ្នាបង្កើតកម្មវិធីទាំងស្រុងក្រោមការរៀបចំនិងសម្របសម្រួលរបស់ប្រធានប្រតិបត្តិ....។ ទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមធ្វើកិច្ចការយ៉ាងអស់ពីចិត្តនិងអស់ពីលទ្ធភាពទៅតាមស្មារតីនៃកិច្ចប្រជុំ ក្នុងផ្នែកណាមួយជាក់លាក់ ដែលអាចមានសិទ្ធស្វ័យសម្រេចនៅក្នុងផ្នែកនោះ។

២ រាល់ថវិកាចំណាយចំណូលទាំងអស់ ត្រូវធ្វើឡើងតាមរយគណន័យរបស់....តែមួយគត់ ក្រោមការគ្រប់គ្រងរបស់ហិរញ្ញឹក...ម្នាក់ និងសហហិរញ្ញឹកមកពីសហក្រុមនិមួយៗ ចូលរួមធ្វើសាក្សី ចៀសវាងការបែកខ្ញែកកញ្ចប់ថវិកាដែលបង្កការពិបាកក្នុងការគ្រប់គ្រងទិន្នន័យ និងចៀសវាងការកើតមាននូវទំនាស់ផលប្រយោជន៍ក្រុម។

៣ បន្ទាប់ពីបានទូទាត់ចំណាយចំណូលចប់សព្វគ្រប់ និងបន្ទាប់ពីបានដក២០%ចេញសម្រាប់...ដែលជាស្ថាបនិកនៃកម្មវិធីរួចហើយ នៅសល់ប៉ុន្មាននឹងត្រូវបែងចែកចំនួនបដិភាគស្មើគ្នាជូនដល់ក្រុមនិមួយៗរួមទាំងចប្រជផងដែរ ទុកសម្រាប់ធ្វើកិច្ចការរៀងៗខ្លួន។ ផ្ទុយទៅវិញ ប្រសិនបើមានការខ្វះខាត នោះក្រុមនិមួយៗត្រូវចូលរួមបំពេញជាបដិភាគស្មើគ្នា។

បញ្ជាក់ % ស្មើមិនឲ្យមានការប្រូម៉ូត ឬការស្វែងរកថវិកាដោយឡែក សម្រាប់ក្រុមរៀងៗខ្លួនឡើយ។

អាស្រ័យហេតុដូចបានស្នើខាងលើសូមចលនា……យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាចលនា……នឹងមានលទ្ធភាពអញ្ជើញមកចូលរួមសហការ។ ក្រោមកិច្ចសហការរបស់ចលនា……កម្លាំងសាមគ្គីរបស់យើងនៅកូរ៉េនេះមានភាពកាន់តែស្អិតរមួតនិងមានកម្លាំងកាន់តែខ្លាំងឡើង និងជាគន្លឹះតែមួយគត់ក្នុងការផ្លាស់ប្តូរកម្ពុជា។

ធ្វើនៅទីក្រុង……

កាលបរិច្ឆេទ